តិមិរវគ្គោ
ខ្ញុំដើរទៅកាន់ទីបណ្តោយខ្សែទឹក ក្បែរឆ្នេរស្ទឹងចន្ទភាគា ក៏បានឃើញព្រះសមណសម្ពុទ្ធ ព្រះអង្គកំពុងគង់ មានព្រះកាយ ស្អាតថ្លា មិនមានសៅហ្មង ។ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះអង្គ នោះ ក្នុងគ្រានោះ ខ្ញុំក៏គិតយ៉ាងនេះថា ព្រះពុទ្ធនេះ ព្រះអង្គឆ្លង រួចហើយ នឹងញ៉ាំងសត្វឲ្យឆ្លងផង ព្រះពុទ្ធនេះ មានឥន្ទ្រិយទូន្មាន ហើយ នឹងទូន្មាន ( នូវពួកសត្វ ) ផង ។ ព្រះអង្គជាអ្នកស្រស់ស្រាយ នឹងញ៉ាំងសត្វឲ្យស្រស់ស្រាយផង ព្រះអង្គជាអ្នកស្ងប់ រម្ងាប់ នឹងញ៉ាំងសត្វឲ្យស្ងប់រម្ងាប់ផង ព្រះអង្គរលត់ទុក្ខហើយ នឹងញ៉ាំងសត្វឲ្យរលត់ផង ។ លុះខ្ញុំគិតយ៉ាងនេះហើយ ទើបកាន់ យកនូវផ្កាតិមិរព្រឹក្ស ហើយព្រាចទៅលើព្រះសិរ្សៈនៃព្រះពុទ្ធ ព្រះនាម សិទ្ធត្ថៈ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ក្នុងកាលនោះ ។ ខ្ញុំផ្គង អញ្ជលីធ្វើប្រទក្សិណ ចំពោះព្រះអង្គ ហើយថ្វាយបង្គំព្រះបាទា របស់ព្រះសាស្តា រួចដើរចេញទៅកាន់ទិសដទៃ ។ ស្តេចម្រឹគបាន ដេញខាំខ្ញុំ ដែលកំពុងតែដើរទៅ អស់កាលមិនយូរបុន្មាន ខ្ញុំកាល រត់ទៅតាមទីទៀបជ្រោះ ក៏ធ្លាក់ទៅក្នុងជ្រោះនោះឯង ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាល នោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៥៦ ខ្ញុំបានជាស្តេចចក្រពត្តិ ៧ ដង ព្រះនាមមហារហៈ ទ្រង់មាន កម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះតិមិរបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។