គតសញ្ញកត្ថេរាបទានទី ២
ខ្ញុំមានអាយុ ៧ ឆ្នាំ បានចូលទៅកាន់ផ្នួស បានថ្វាយបង្គំ ព្រះបាទានៃព្រះសាស្តា ដោយចិត្តជ្រះថ្លា ។ ខ្ញុំបោះផ្កាឈើ ឈ្មោះសត្តនង្គលកី ទៅលើអាកាស ឧទ្ទិសចំពោះព្រះពុទ្ធ ព្រះនាម តិស្សៈ ព្រះអង្គមានគុណមិនមានទីបំផុត ប្រៀបដូចសាគរ ។ ខ្ញុំមានចិត្តត្រេកអរ បានបូជាផ្លូវដែលព្រះសុគតយាងមក ហើយ មានចិត្តជ្រះថ្លា បានធ្វើអញ្ជលីកម្ម ដោយដៃទាំងពីរក្នុងគ្រានោះ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុង កាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុង កប្បទី ៨ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៣ ដង ព្រះនាម អគ្គិសិខៈដូចគ្នា ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះគតសញ្ញកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។