អដ្ឋកថានិបន្ថញ្ជលិកត្ថេរាបទាន
អបទានរបស់ព្រះនិបន្នញ្ជលិកត្ថេរ មានពាក្យផ្តើមថា រុក្ខមូលេ និសិន្នោហំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពជាអនេក ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមតិស្សៈ កើតក្នុងផ្ទះមានត្រកូល ចម្រើនវ័យ ហើយ បួសបំពេញរុក្ខមូលិកង្គធុតង្គនៅក្នុងព្រៃ ។ សម័យនោះ អាពាធខ្លាំងក្លា កើតឡើង លោកត្រូវអាពាធនោះបៀតបៀន ជាបុគ្គលគួរករុណាក្រៃលែង ។ ក្នុងកាលនោះ ព្រះមានព្រះភាគបានយាងទៅក្នុងទីនោះ ដោយមានសេចក្តី ករុណា ។ ខណៈកំពុងដេកនោះឯង កុលបុត្តនោះ មិនអាចក្រោកឡើងបាន ទើបផ្គងអញ្ជលីលើសិរសា ធ្វើការនមស្ការដល់ព្រះមានព្រះភាគ ។ កុលបុត្ត នោះចុតិចាកអត្តភាពនោះហើយ ទៅកើតក្នុងជាន់តុសិត សោយសម្បត្តិក្នុង ភពនោះ ហើយសោយសម្បត្តិក្នុងជាន់កាមាវចរសួគ៌ ៦ ជាន់ ដោយអាការ យ៉ាងនេះ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើន វ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត លោកប្រាកដនាមថា និបន្នញ្ជលិកត្ថេរ តាមបុណ្យដែលធ្វើក្នុង កាលមុន ។ ក្នុងកាលខាងក្រោយ លោកពិចារណាមើលបុញ្ញសម្បត្តិរបស់ខ្លួន កើត សោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើប ពោលពាក្យថា រុក្ខមូលេ និសិន្នោហំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ មានវិនិច្ឆ័យដូចតទៅនេះ ឈ្មោះថា រុក្ខ ព្រោះដុះ គឺ លូតឡើង តាំងឡើងខាងលើ អធិប្បាយថា ត្រង់គល់ គឺជិតដើមឈើនោះ ។