អធោបុប្ផិយត្ថេរាបទានទី ៤
មានភិក្ខុមួយរូប ព្រះនាមអភិភូ ជាអគ្គសាវ័ករបស់ ព្រះពុទ្ធព្រះនាមសិខី លោកមានអានុភាពច្រើន មានត្រៃវិជ្ជា បាន ចូលមកកាន់ភ្នំហិមពាន្ត ។ កាលនោះ ខ្ញុំជាឥសី ជាអ្នកស្ទាត់ក្នុង អប្បមញ្ញា និងឫទ្ធិ នៅក្នុងអាស្រមជាទីគួរត្រេកអរ ទៀបភ្នំ ហិមពាន្តនោះ ។ ខ្ញុំប្រាថ្នារកផ្លែឈើ ក្នុងព្រៃភ្នំ ដូចជាបក្សីកាល ហើរទៅក្នុងអាកាស ខ្ញុំកាន់យកនូវផ្កាអធោព្រឹក្ស ហើយត្រឡប់មក ឯលំនៅជិតភ្នំនោះវិញ ។ ខ្ញុំបានយកផ្កា ៧ រោយលើព្រះ សិរ្សៈ ( នៃអគ្គសាវ័កនោះ ) លុះដល់អគ្គសាវ័ក ជាវីរបុរសនោះ ក្រឡេកមើលមកចំខ្ញុំ ខ្ញុំក៏បែរមុខទៅទិសខាងកើត ហើយដើរ ចៀសចេញទៅ ។ ខ្ញុំបានទៅដល់អាស្រមហើយ ក៏បានចាត់ចែងនូវ អាវាស រួចយកនូវអម្រែក ដើរទៅកាន់ចន្លោះភ្នំ ។ គាប់ជួន ពស់ថ្លាន់មានរូបដ៏សម្បើម មានកម្លាំងច្រើន បៀតបៀន ( នូវខ្ញុំ ) ខ្ញុំក៏នឹកដល់បុព្វកម្ម ហើយធ្វើកាលកិរិយាក្នុងទីនោះ ។ ក្នុងកប្បទី ៣៩ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះអធោបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។