អដ្ឋកថាអធោបុប្ផិយត្ថេរាបទាន
អបទានរបស់ព្រះអធោបុប្ផិយត្ថេរ មានពាក្យផ្តើមថា អភិភូ នាម សោ ភិក្ខុ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពដ៏ច្រើន ក្នុង កាលនៃព្រះពុទ្ធព្រះនាមសិខី កើតក្នុងផ្ទះមានត្រកូល ចម្រើនវ័យហើយ នៅគ្រប់គ្រងផ្ទះ តមក ឃើញទោសក្នុងកាមទាំងឡាយ លះការនៅគ្រប់គ្រង ផ្ទះនោះហើយ បួសជាឥសី បាននូវអភិញ្ញា ៥ សមាបត្តិ ៨ ដល់នូវភាពជា អ្នកជំនាញក្នុងឫទ្ធិទាំងឡាយ អាស្រ័យនៅក្នុងព្រៃហិមពាន្ត ។ អគ្គសាវ័ក ឈ្មោះអភិភូ របស់ព្រះមានព្រះភាគព្រះនាមសិខីនោះ ត្រេកអរក្រៃលែងក្នុង វិវេក ទើបបានទៅកាន់ព្រៃហិមពាន្ត ។ កាលនោះ តាបសនោះ ឃើញព្រះថេរៈ ដែលជាអគ្គសាវ័កនោះ ទើបតោងឡើងទៅកាន់ភ្នំដែលព្រះថេរៈឈរ បេះយកផ្កា ៧ ដែលសម្បូរដោយពណ៌ និងក្លិនក្រអូប អំពីខាងក្រោមនៃភ្នំ ឡើងមកបូជា ។ កាលនោះ ព្រះថេរៈនោះ បានធ្វើអនុមោទនាដល់តាបស នោះ ។ ចំណែកតាបសនោះ បានទៅកាន់អាស្រមរបស់ខ្លួន តាបសនោះ ត្រូវពស់ថ្លាន់មួយ ក្នុងទីនោះរួត តមក ត្រូវអន្តរាយនោះបៀតបៀន ជាអ្នក មានឈានមិនសាបសូន្យ ធ្វើកាលកិរិយាហើយ មានព្រហ្មលោកជាទីទៅ ខាងមុខ សោយព្រហ្មសម្បត្តិ និងឆកាមាវចរសម្បត្តិ និងសោយមនុស្ស សម្បត្តិ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើន វ័យហើយ ស្តាប់ធម៌របស់ព្រះមានព្រះភាគ មានចិត្តជ្រះថ្លា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ក្រោយមក លោកប្រាកដនាមថា អធោបុប្ផិយត្ថេរ តាមបុណ្យដែលធ្វើមកហើយក្នុងកាលមុន ។ ថ្ងៃមួយ លោករពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាសអបទាន ដែលប្រព្រឹត្តមក ទើបពោលពាក្យថា