សទ្ទសញ្ញកត្ថេរាបទានទី ៨
ក្បាលទី 60 · ទំព័រ 391
ខ្ញុំនៅលើកម្រាលស្លឹកឈើ នាភ្នំហិមពាន្ត បានធ្វើចិត្តឲ្យ ជ្រះថ្លា ក្នុងសំឡេងរបស់ព្រះសម្ពុទ្ធ ព្រះនាមផុស្សៈ ដែលកំពុង សម្តែងធម៌ ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានធ្វើនូវកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះ ជាផលនៃបុញ្ញកម្ម ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះសទ្ទសញ្ញកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។