ពោធិសិញ្ចកត្ថេរាបទានទី ៩

ក្បាលទី 60 · ទំព័រ 393

មានពិធីឆ្លងព្រះមហាពោធិព្រឹក្ស របស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ក្នុងកាលនោះ ខ្ញុំជាអ្នកបួសមានចិត្តស្ងប់រម្ងាប់ ដើរចូលទៅ ( ជិតដើមពោធិព្រឹក្សនោះ ) ។ ខ្ញុំដងទឹកត្រពាំង ស្រោចដើមពោធិព្រឹក្ស ( ដោយគិតថា ) ព្រះវិបស្សីសម្ពុទ្ធ ទ្រង់រួចចាកទុក្ខហើយ នឹងញ៉ាំងយើងឲ្យរួចទុក្ខផង ទ្រង់រម្លត់ទុក្ខ ហើយ នឹងញ៉ាំងយើងឲ្យរលត់ផង ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានស្រោចស្រពដើមពោធិព្រឹក្ស ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការស្រោចពោធិព្រឹក្ស ។ កាលកប្បទី ៣៣ កំពុងប្រព្រឹត្តទៅ ខ្ញុំបានជាស្តេចចក្រពត្តិ ៨ ដង ជាធំលើពួកជន ទ្រង់ព្រះនាមឧទកាសេចនៈដូចគ្នា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះពោធិសិញ្ចកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។