សុធាវគ្គោ
កាលបុគ្គលបូជា ចំពោះបុគ្គលគួរបូជា ទោះបីព្រះពុទ្ធ ឬសាវ័ក ដែលកន្លងផុតនូវធម៌ជាគ្រឿងយឺតយូរ ឆ្លងផុតនូវ សេចក្តីសោក និងការខ្សឹកខ្សួល ។ កាលបុគ្គលបូជាចំពោះបុគ្គល ទាំងនោះ ដែលមានសភាពដូច្នោះ មានទុក្ខរលត់ហើយ លោកមិន មានភ័យអំពីទីណា បុគ្គលណាមួយ មិនអាចនឹងរាប់បុណ្យថា បុណ្យនេះ មានប្រមាណបុណ្ណេះ ឬមានប្រមាណបុណ្ណោះឡើយ ។ ក្នុងលោកនេះ បុគ្គលណាមួយ ទទួលនូវភាពជាធំ ក្នុងទ្វីបទាំង ៤ ការទទួលនូវឥស្សរភាពនេះរបស់បុគ្គលនុ៎ះ មិនដល់មួយចំណែក ទី ១៦ នៃការបូជានេះឡើយ ។ ខ្ញុំមានចិត្តជ្រះថ្លា បានបូកបាយ-អ ក្នុងចន្លោះឥដ្ឋចេតិយរបស់ព្រះសម្ពុទ្ធ ព្រះនាមសិទ្ធត្ថៈ ទ្រង់ ប្រសើរជាងពួកនរៈ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការជួសជុលចេតិយ ។ ក្នុងកប្បទី ៣០ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ១៣ ដង មាននាមថា បដិសង្ខារសៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសុធាបិណ្ឌិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។