អដ្ឋកថាសូចិទាយកត្ថេរាបទាន
អបទានរបស់ព្រះសូចិទាយកត្ថេរ មានពាក្យផ្តើមថា កម្មារោហំ បុរេ អាសឹ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សាបព្រោះនូវពូជ គឺកុសលក្នុងចន្លោះភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមវិបស្សី កើតក្នុងត្រកូលនៃជាងមាស ព្រោះត្រូវកម្មណាមួយដែលខ្លួន ធ្វើក្នុងរវាងភពកាត់ផ្តាច់ ។ ចម្រើនវ័យហើយ ដល់នូវភាពជាអ្នកសម្រេច ក្នុងសិប្បៈរបស់ត្រកូល ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តាហើយ មាន ចិត្តជ្រះថ្លា បានថ្វាយម្ជុលសម្រាប់ដេរចីវរ ។ ដោយបុញ្ញកម្មនោះ កុលបុត្ត នោះបានសោយទិព្វសម្បត្តិ តមក កើតក្នុងមនុស្ស សោយសម្បត្តិទាំងឡាយ មានចក្កពត្តិសម្បត្តិជាដើម ជាអ្នកមានបញ្ញាមុតស្រួច មានញាណ ដូចពេជ្រ ក្នុងភពដែលខ្លួនកើតហើយ ក្នុងពុទ្ធុប្បាទកាលនេះ កើតហើយ ចម្រើនវ័យដោយលំដាប់ មានទ្រព្យច្រើន បាននូវសទ្ធា មានបញ្ញាមុតស្រួច ។ ថ្ងៃមួយ ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា បញ្ជូនញាណទៅតាមក្រសែ នៃធម៌ បានជាព្រះអរហន្តនៅលើអាសនៈដែលខ្លួនអង្គុយនោះឯង ។ លោកបានជាព្រះអរហន្តហើយ រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា កម្មារោហំ បុរេ អាសឹ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា កម្មារោ សេចក្តីថា ជាងមាស បានដល់ អ្នកចិញ្ចឹមជីវិតដោយការងារលោហៈ មានដែកជាដើម ជាអ្នករស់នៅស្អាត ដល់នូវការចម្រើនបរិបូណ៌ អធិប្បាយថា ក្នុងកាលមុន គឺក្នុងកាលបំពេញ បុណ្យ ខ្ញុំបានជាជាងមាស ។ ពាក្យសេសក្នុងទីទាំងពួង មានអត្ថងាយ យល់ហើយ ។