គន្ធមាលិយត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 412

ខ្ញុំបានកសាងព្រះស្តូប ប្រកបដោយគ្រឿងក្រអូប ស្រោប បិទបាំងដោយផ្កាម្លិះ ដ៏សមគួរដល់ព្រះពុទ្ធ ( ថ្វាយ ) ចំពោះ ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ។ ( ខ្ញុំថ្វាយបង្គំ ) ព្រះសម្ពុទ្ធជា អគ្គនាយកក្នុងលោក ប្រាកដស្មើដោយចេតិយ ជាវិការនៃមាស ទ្រង់រុងរឿង ដូចផ្ការាជព្រឹក្ស ឬដូចភ្លើងកំពុងឆេះ ទ្រង់ប្រសើរ ដូចខ្លាធំ និងគោឧសភៈ ឬដូចកេសររាជសីហ៍ មានជាតិដ៏ខ្ពស់ ទ្រង់គង់លើអាសនៈ ទ្រង់ជាកំពូលនៃពួកសមណៈ មានភិក្ខុសង្ឃ ចោមរោម ។ លុះខ្ញុំថ្វាយបង្គំព្រះបាទា របស់ព្រះសាស្តាហើយ បែរមុខទៅឧត្តរទិស ដើរចេញទៅ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ខ្ញុំបានថ្វាយគ្រឿងក្រអូប និងកម្រងផ្កា ក្នុងកាលណា ។ ( កាល នោះ ) ខ្ញុំមិនដែលស្គាល់ទុគ្គតិ ដោយផលនៃសក្ការៈ ដែលខ្ញុំធ្វើ ចំពោះព្រះពុទ្ធដោយវិសេស នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៣៩ ខ្ញុំបានជាក្សត្រចក្រពត្តិ ១៦ ដង ព្រះនាមទេវគន្ធៈដូចគ្នា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះគន្ធមាលិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។