អដ្ឋកថាតិបុប្ផិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 415

អបទានរបស់ព្រះតិបុប្ផិយត្ថេរ មានពាក្យផ្តើមថា មិគលុទ្ទោ បុរេ អាសឹ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយក្នុងព្រះពុទ្ធអង្គ មុនៗ ព្រោះអកុសលណាមួយក្នុងរវាងភពកាត់ផ្តាច់ ក្នុងកាលនៃព្រះមាន ព្រះភាគព្រះនាមវិបស្សី កើតក្នុងត្រកូលព្រាន ធ្វើជាព្រានម្រឹគនៅក្នុងព្រៃ ។ ក្នុងកាលនោះ នាយព្រាននោះ ឃើញដើមច្រនៀងដែលជាឈើត្រាស់ដឹង របស់ព្រះមានព្រះភាគព្រះនាមវិបស្សី មានស្លឹកទន់ យោនយាន មានពណ៌ ខៀវស្រស់ មានរស្មីខៀវ គួរជាទីត្រេកអរនៃចិត្ត ទើបបូជាដោយផ្កា ៣ បេះស្លឹកចាស់ៗ ចោល ថ្វាយបង្គំច្រនៀងពោធិព្រឹក្សនោះ ដូចថ្វាយបង្គំក្នុង ទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ ចុតិចាកអត្តភាពនោះហើយ កើតក្នុងទេវលោក សោយទិព្វសម្បត្តិហើយ ក្នុងទេវលោកនោះ ចុតិចាកទេវលោកនោះហើយ កើតក្នុងមនុស្ស សោយ ចក្កពត្តិសម្បត្តិជាដើមក្នុងមនុស្សនោះ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមាន ត្រកូលមួយកន្លែង ចម្រើនវ័យហើយ ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា មានចិត្តប្រកបដោយសោមនស្ស លះនូវផ្ទះ ចេញបួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ព្រះថេរៈ កាលសម្រេចនូវការត្រាស់ដឹងយ៉ាងនេះហើយ រពឫកដល់ បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្ត មកក្នុងកាលមុន ទើបពោលពាក្យថា មិគលុទ្ទោ បុរេ អាសឹ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ ឈ្មោះថា មិគ ព្រោះទៅ គឺដល់នូវការស្លាប់ ។ ម្យ៉ាងទៀត ឈ្មោះថា មិគ ព្រោះដើរទៅ ស្វែងរកទៅ ប្រព្រឹត្តទៅ ។