សេនាសនទាយកត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 421

ខ្ញុំបានថ្វាយកម្រាលស្លឹកឈើ ចំពោះព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ទាំងបានរោយរាយផ្កាច្បា ជាឧបការៈ ( ដល់ កម្រាលស្លឹកឈើ ) ដោយជុំវិញទៀត ។ ( ដោយកុសលកម្មនេះ ) ខ្ញុំបានសោយ ( គ្រប់គ្រង ) ប្រាសាទទាំងឡាយផង គុហាជាទីរីករាយ មានថ្លៃច្រើនផង ផ្កាទាំងឡាយមានថ្លៃច្រើន តែងបង្អុរ ចុះលើសយនៈរបស់ខ្ញុំផង ។ ខ្ញុំដេកននេលោលើសយនៈដ៏វិចិត្រ ក្រាលដោយផ្កាឈើ ទាំងភ្លៀងជាវិការនៃផ្កាឈើ ក៏តែងបង្អុរចុះ លើសយនៈ ( របស់ខ្ញុំ ) ក្នុងកាលនោះ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយកម្រាលស្លឹកឈើ ក្នុង កាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃកម្រាល ស្លឹកឈើ ។ ក្នុងកប្បទី ៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ដង ព្រះនាមឋិតាសន្ថារកៈដូចគ្នា ទ្រង់ជាធំជាងពួកជន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសេនាសនទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។