វេយ្យាវច្ចកត្ថេរាបទានទី ៩

ក្បាលទី 60 · ទំព័រ 423

ព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាមេគណៈ ខ្ញុំ ជាអ្នកបម្រើ ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចទាំងពួង ។ ឯទេយ្យធម៌ របស់ខ្ញុំគ្មាន ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយបង្គំព្រះបាទារបស់ព្រះសាស្តា ជាព្រះសុគត ស្វែងរកគុណដ៏ធំ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើការខ្វល់ខ្វាយបម្រើ ក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃការខ្វល់ខ្វាយបម្រើ ។ ក្នុងកប្បទី ៨ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាមសុចិន្តិយៈ ទ្រង់ បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវេយ្យាវច្ចកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។