អដ្ឋកថាភិក្ខាទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 431

អបទានរបស់ព្រះភិក្ខាទាយកត្ថេរ មានពាក្យផ្តើមថា សុវណ្ណវណ្ណំ សម្ពុទ្ធំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ដល់ព្រមដោយទ្រព្យសម្បត្តិ កើតនូវសទ្ធា ឃើញព្រះមាន ព្រះភាគព្រះនាមសិទ្ធត្ថៈ ចេញអំពីវិហារ យាងទៅបិណ្ឌបាត មានចិត្ត ជ្រះថ្លា បានថ្វាយអាហារ ។ ព្រះមានព្រះភាគទ្រង់ទទួលអាហារនោះហើយត្រ ាស់អនុមោទនាហើយចៀសចេញទៅ ។ ដោយកុសលនោះឯង កុលបុត្ត នោះតាំងនៅដរាបដល់អស់អាយុ ក្នុងទីបំផុតនៃអាយុកើត ក្នុងទេវលោក សោយកាមាវចរសម្បត្តិ ៦ ជាន់ ក្នុងទេវលោកនោះ និងសោយមនុស្សសម្បត្តិក្នុងមនុស្សលោក ។ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល មួយកន្លែង ចម្រើនវ័យហើយ បាននូវសទ្ធា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលជាខាងក្រោយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា សុវណ្ណវណ្ណំ សម្ពុទ្ធំ ដូច្នេះជាដើម ។ ពាក្យទាំងអស់នោះ មានន័យ ដូចពោលហើយនោះឯង ។ បទថា បវរា អភិនិក្ខន្តំ សេចក្តីថា ឈ្មោះថា បវរ ព្រោះគប្បីត្រេកអរ គឺគប្បីប្រាថ្នា អធិប្បាយថា ចេញអំពីទីដែលជាទី ត្រេកអរនៃចិត្ត គឺចេញអំពីទីដែលស្ងាត់ដោយពិសេស ។