ឧប្បលហត្ថិយត្ថេរាបទានទី ៣
ក្នុងកាលនោះ ខ្ញុំកើតជាអ្នកក្រងផ្កា នៅអាស្រ័យក្នុងក្រុង ឈ្មោះតិវរា បានឃើញព្រះពុទ្ធព្រះនាមសិទ្ធត្ថៈ មានធូលី គឺ រាគៈទៅប្រាសហើយ ដែលសត្វលោកបូជាហើយ ។ ខ្ញុំមានចិត្ត ជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្កាមួយក្តាប់ ខ្ញុំទៅកើតក្នុង ភពណាៗ តែងសោយផលជាទីប្រាថ្នា ដែលខ្លួនធ្វើល្អហើយក្នុង កាលមុន ( ក្នុងភពនោះៗ ) ដោយអំណាចអានិសង្សនៃកម្ម នោះ ខ្ញុំមានផ្កាម្លិះព័ទ្ធព័ន្ធហើយ នេះជាផលនៃសេចក្តីសម្គាល់ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ អាស្រ័យកប្ប គម្រប់ ៩៤ វៀរលែងកប្បបច្ចុប្បន្ននេះចេញ ខ្ញុំបានកើតជាស្តេច ៥០០ ជាតិ ព្រះនាមនជ្ជុបមៈដូចគ្នាក្នុងកប្បនោះ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះឧប្បលហត្ថិយត្ថេរមានអាយុ បានសម្តែង ហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។