បទបូជកត្ថេរាបទានទី ៤

ក្បាលទី 60 · ទំព័រ 439

ខ្ញុំបានថ្វាយផ្កាម្លិះ ដល់ព្រះមានព្រះភាគ ទ្រង់ព្រះនាម សិទ្ធត្ថៈ ខ្ញុំបានរោយរាយផ្កា ៧ ត្រង់ព្រះបាទ ដោយសេចក្តី រីករាយ ខ្ញុំគ្របសង្កត់ពួកជន និងទេវតាក្នុងថ្ងៃនេះ ដោយ កុសលកម្មនោះ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុត ក្នុងសាសនារបស់ ព្រះសម្មាសម្ពុទ្ធ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជា ផ្កា ។ ក្នុងកប្បគម្រប់ ៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេច ចក្រពត្តិ ១៣ ជាតិ ព្រះនាមសមន្តគន្ធៈដូចគ្នា ទ្រង់ផ្សាយ អាណាចក្រទល់នឹងសមុទ្ទទាំង ៤ ជាទីបំផុត ទ្រង់ជាធំជាង គណៈ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះបទបូជកត្ថេរមានអាយុ បានសម្តែងហើយ នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។