អដ្ឋកថាបទបូជកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 440

អបទានរបស់ព្រះបទបូជកត្ថេរ មានពាក្យផ្តើមថា សិទ្ធត្ថស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថរ កើតក្នុងផ្ទះមានត្រកូល ចម្រើនវ័យ ហើយ ជ្រះថ្លាក្នុងព្រះសាស្តា បូជាបាទមូលរបស់ព្រះមានព្រះភាគដោយ ផ្កាម្លិះ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និង មនុស្សទាំងឡាយ សោយសក្កសម្បត្តិ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះ មានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះមានព្រះភាគ បួស ហើយ ចម្រើនវិបស្សនា តាំងនៅក្នុងអហរត្តផល ។ ក្នុងកាលខាងក្រោយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្ស កាលប្រកាសអបទាន ដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា សិទ្ធត្ថស្ស ភគវតោ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ជាតិបុប្ផមទាសហំ កាលគួរនឹងពោលថា ជាតិសុមនបុប្ផំ អទាសិ អហំ លោកលុប សុមន សព្ទចេញ ដើម្បីងាយ ស្រួលក្នុងការចងគាថា ។ ដើមឈើដែលកើតក្នុងពូជនោះ ខណៈដែលរីក ធ្វើឲ្យកើតសោមនស្ស ហេតុនោះ ទើបឈ្មោះថា សុមន ។ ឈ្មោះថា បុប្ផ ព្រោះអត្ថថា រីក គឺបើកនូវត្របកផ្កានោះផង ធ្វើឲ្យត្រេកអរផង ព្រោះហេតុ នោះ ទើបឈ្មោះថា សុមនបុប្ផ ព្រោះជាផ្កាដែលរីកដោយល្អ អធិប្បាយថា ខ្ញុំបានយកផ្កាម្លិះទាំងនោះ មកបូជាដល់ព្រះមានព្រះភាគព្រះនាមថា សិទ្ធត្ថ ។