អដ្ឋកថាមុដ្ឋិបុប្ផិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 443

អបទានរបស់ព្រះមុដ្ឋិបុប្ផិយត្ថេរ មានពាក្យផ្តើមថា សុទស្សនោ នាម នាមេន ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូលអ្នកក្រងផ្កា ចម្រើនវ័យហើយ ដល់នូវការសម្រេចក្នុងសិប្បៈប្រចាំត្រកូល ថ្ងៃមួយ ឃើញព្រះមានព្រះភាគហើយ មានចិត្តជ្រះថ្លា ទើបយកដៃទាំងពីរក្បង់ផ្កា ម្លិះរួត រោយចុះទៀបបាទមូលរបស់ព្រះមានព្រះភាគបូជា ដោយកុសលសម្ភារនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ហើយ សោយសម្បត្តិទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ចម្រើន វ័យហើយ ជ្រះថ្លាក្នុងព្រះសាស្តា ដោយអំណាចវាសនាក្នុងកាលមុន បួស ហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្រោយមក ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា សុទស្សនោ នាមេន ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា សុទស្សនោ សេចក្តីថា ឈ្មោះថា សុទស្សន ព្រោះអត្ថថា ល្អដោយលម្អនៃរូបសណ្ឋាន មានកម្ពស់ និងទំហំជាដើម អធិប្បាយថា ខ្ញុំបានជាមាលាការឈ្មោះសុទស្សនៈ បានបូជាព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ដោយផ្កាម្លិះរួត ។ ពាក្យដ៏សេសក្នុងទីទាំងពួង មាន អត្ថងាយយល់ហើយ ។