អដ្ឋកថាឧទកបូជកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 446

អបទានរបស់ព្រះឧទកបូជកត្ថេរ មានពាក្យផ្តើមថា សុវណ្ណវណ្ណំ សម្ពុទ្ធំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ដឹងដល់កុសលកម្ម និងអកុសលកម្ម ជ្រះថ្លាក្នុងរស្មីដែល មានពណ៌ ៦ ដែលផ្សាយចេញអំពីព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ទើប យកដៃទាំងពីរក្បង់ទឹកបូជា ។ ទឹកដែលកុលបុត្តនោះបូជា ដូចជាពពុះប្រាក់ អណ្តែតលើអាកាស កុលបុត្តនោះជ្រះថ្លាក្រៃលែង កើតក្នុងទេវលោកជាន់ តុសិតជាដើម ដោយសោមនស្សនោះឯង សោយនូវទិព្វសម្បត្តិ ក្រោយមក សោយនូវមនុស្សសម្បត្តិក ្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិន យូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលជាខាងក្រោយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កាល ប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា សុវណ្ណវណ្ណំ សម្ពុទ្ធំ ដូច្នេះជាដើម ។ ពាក្យនោះ ខ្ញុំបានអធិប្បាយហើយខាងដើម នោះឯង ។ សប្បិ លោកហៅថា ឃត ក្នុងបទថា ឃតាសនំវ ជលិតំ នេះ ។ ទីរម្ងាស់ គឺទីទ្រទ្រង់នូវឃតៈ ព្រោះហេតុនោះ ទើបឈ្មោះថា ឃតាសន បានដល់ ភ្លើង ។ ម្យ៉ាងទៀត ធម្មជាតណារមែងស៊ី គឺបរិភោគវត្ថុនោះ ហេតុនោះ វត្ថុនោះ ឈ្មោះថា ឃតាសនំ គឺភ្លើងនោះឯង អធិប្បាយថា ព្រះមានព្រះភាគរុងរឿងដូចគំនរភ្លើង ដូចភ្លើងឆេះក្រៃលែងឡើង អណ្តាតភ្លើង ក៏រឹតតែរុងរឿងក្រៃលែងដូច្នោះ ។