អាសនុបដ្ឋាយកត្ថេរាបទានទី ៨
ខ្ញុំចូលទៅកាន់ព្រៃធំ ដ៏ស្ងាត់មិនមានសំឡេង មិនវឹកវរ ខ្ញុំថ្វាយសីហាសនៈ ដល់ព្រះសម្ពុទ្ធព្រះនាមអត្ថទស្សី ទ្រង់មិន ញាប់ញ័រដោយលោកធម៌ ។ ខ្ញុំកាន់យកផ្កាមួយក្តាប់ ធ្វើប្រទក្សិណ ព្រះអង្គ ហើយចូលទៅអង្គុយជិតព្រះសាស្តា រួចដើរចេញទៅ បែរមុខឆ្ពោះកាន់ឧត្តរទិស ។ បពិត្រព្រះអង្គ ជាធំជាងសត្វជើង ២ ទ្រង់ជាច្បងក្នុងលោក ទ្រង់ប្រសើរជាងនរៈ ខ្ញុំធ្វើខ្លួនឲ្យរលត់ ឥតមានសេសសល់ ភពទាំងអស់ ខ្ញុំគាស់រម្លើងហើយ ដោយសារ កម្មនោះ ។ ក្នុងកប្បទី ១៨០០ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផល នៃសីហាសនៈ ។ ក្នុងកប្បទី ៧០០ អំពីកប្បនេះ ខ្ញុំបានកើតជា ស្តេចចក្រពត្តិ ព្រះនាមសន្និព្វាបកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអាសនុបដ្ឋាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។