ពិឡាលិទាយកត្ថេរាបទានទី ៩

ក្បាលទី 60 · ទំព័រ 454

ខ្ញុំនៅជិតព្រៃហិមពាន្ត អង្គុយលើកម្រាលស្លឹកឈើ ក្នុង កាលនោះ ខ្ញុំមានសេចក្តីជាប់ជំពាក់ ក្នុងគ្រឿងទទួលទាន ដូច បុរសល្មោភដេក ។ ខ្ញុំកំពុងជីកមើមដំឡូងជ្វា និងដំឡូងវល្លិផង ដំឡូងដៃខ្លា និងដំឡូងជ្រូកផង ខ្ញុំនាំមកនូវផ្លែពុទ្រា ផ្លែក្រខុប និងផ្លែព្នៅ ដែលខ្ញុំតាក់តែងហើយ ។ ព្រះលោកវិទូ ទ្រង់ព្រះនាម បទុមុត្តរៈ គួរទទួលគ្រឿងបូជា ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ ទើប និមន្តមកកាន់សម្នាក់ខ្ញុំ ខ្ញុំបានឃើញនូវព្រះមហានាគជាទេវតា ប្រសើរជាងទេវតា ជានរាសភៈ ទ្រង់ចូលមកជិត ខ្ញុំក៏យកដំឡូង ដៃខ្លាដាក់ចុះក្នុងបាត្រ ។ ក្នុងកាលនោះ ព្រះសម្ពុទ្ធជាមហាវីរៈ ទ្រង់ញ៉ាំងខ្ញុំឲ្យត្រេកអរហើយ ទ្រង់សោយ លុះព្រះសព្វញ្ញូ សោយរួចហើយ ទើបសម្តែងគាថានេះថា អ្នកចូរញ៉ាំងចិត្តរបស់ ខ្លួនឲ្យជ្រះថ្លា ហើយថ្វាយដំឡូងដៃខ្លាដល់តថាគត អ្នកនឹងមិនទៅកាន់ ទុគ្គតិអស់ ១ សែនកប្ប ។ ភពជាទីបំផុតរបស់ខ្ញុំ កំពុង ប្រព្រឹត្តទៅ ភពទាំងអស់ខ្ញុំបានគាស់រម្លើងហើយ ខ្ញុំទ្រទ្រង់ រាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ ។ ក្នុងកប្ប ទី ៥៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ឈ្មោះសុមេខលិរាជ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះពិឡាលិទាយកត្ថេរមានអាយុ បានសម្តែង ហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។