មហាបរិវារវគ្គោ
ក្នុងកាលនោះ ព្រះមានព្រះភាគ ព្រះនាមវិបស្សី ជា ច្បងក្នុងលោក ជានរាសភៈ ស្តេចចូលទៅឯក្រុងពន្ធុមៈ ជាមួយនឹង ពួកភិក្ខុ ៦៨០០០ អង្គ ។ ខ្ញុំចេញទៅអំពីទីក្រុង ដើរសំដៅ ទៅកាន់ទីបចេតិយ បានឃើញព្រះសម្ពុទ្ធ មានធូលី គឺរាគៈទៅ ប្រាសហើយ ទ្រង់គួរទទួលនូវគ្រឿងបូជា ។ ពួកយក្ស ៨៤០០០ រូប តែងបម្រើខ្ញុំដោយគោរព ដូចពួកទេវតាបម្រើព្រះឥន្ទ្រ ។ គ្រានោះ ខ្ញុំដើរចេញអំពីលំនៅ កាន់យកសំពត់ រួចថ្វាយបង្គំ ដោយសិរសា ហើយថ្វាយសំពត់នោះ ដល់ព្រះមហេសីសម្ពុទ្ធ ( ដោយសេចក្តីជ្រះថ្លាថា ) ឱ ព្រះពុទ្ធទាំងឡាយ ឱ ព្រះធម៌ ទាំងឡាយ ឱ សម្បទារបស់ព្រះសាស្តានៃយើង ផែននេះញាប់ញ័រ ដោយអានុភាពរបស់ព្រះពុទ្ធ ។ ខ្ញុំឃើញនូវហេតុដ៏អស្ចារ្យ ចម្លែកគួរព្រឺរោមនោះ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ ជាធំជាង សត្វជើង ២ ទ្រង់មិនញាប់ញ័រដោយលោកធម៌ ។ លុះខ្ញុំញ៉ាំង ចិត្តឲ្យជ្រះថ្លា ក៏ថ្វាយសំពត់ដល់ព្រះសាស្តា ខ្ញុំព្រមទាំងអាមាត្យ និងជនជាបរិស័ទ ក៏បានដល់នូវព្រះពុទ្ធជាទីពឹង ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៦ ជាតិ ទ្រង់ព្រះនាម វាហនៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះមហាបរិវារត្ថេរមានអាយុ បានសម្តែង ហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។