សុមង្គលត្ថេរាបទានទី ២
ព្រះជិនស្រីដ៏ប្រសើរ ព្រះនាមអត្ថទស្សី ជាច្បងក្នុង លោក ជានរាសភៈ ស្តេចចេញអំពីវិហារ ចូលសំដៅទៅកាន់ ស្រះ ។ លុះព្រះសម្ពុទ្ធ ទ្រង់ស្រង់ និងសោយរួចហើយ ទ្រង់ មានតែចីវរមួយ ស្តេចយាងឡើងមក ព្រះមានព្រះភាគទ្រង់ឈរ ក្រឡេកមើលទិសធំទិសតូច ក្នុងទីនោះ ។ ខ្ញុំចូលទៅក្នុងលំនៅ បានឃើញព្រះលោកនាយក កាលនោះ ខ្ញុំជាអ្នករីករាយ ក៏ទះដៃ ដោយចិត្តរីករាយ ។ ទើបខ្ញុំប្រកបក្នុងការរាំច្រៀង និងប្រគំតូរ្យ តន្រ្តី ប្រកបដោយអង្គ ៥ ( ថ្វាយ ) ចំពោះព្រះសម្ពុទ្ធ ទ្រង់ រុងរឿងដូចព្រះអាទិត្យ ភ្លឺច្រាលដូចមាស ខ្ញុំទៅកើតក្នុងកំណើត ណាៗ ទោះបីជាទេវតា ឬជាមនុស្ស ខ្ញុំតែងគ្របសង្កត់នូវសត្វ ទាំងពួងបាន ខ្ញុំរមែងមានយសដ៏ធំ ។ បពិត្រព្រះអង្គ ជាបុរស អាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជា បុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំសូមព្រះនមស្ការចំពោះព្រះអង្គ បពិត្រព្រះមុនី ព្រះអង្គទ្រង់ធ្វើព្រះអង្គឲ្យត្រេកអរ ហើយធ្វើអ្នកដទៃឲ្យត្រេកអរ ផង ។ ខ្ញុំអង្គុយកំណត់ធ្វើនូវសេចក្តីរីករាយ ជាអ្នកមានវត្តល្អ បម្រើនូវព្រះសម្ពុទ្ធ ហើយបានទៅកើតក្នុងតុសិត ។ ក្នុងកប្បទី ១៦០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១៨ ជាតិ ព្រះនាម ឯកចិន្តិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។