ឯកាសនិយត្ថេរាបទានទី ៤
គ្រានោះ ខ្ញុំកើតជាទេវរាជឈ្មោះវរុណៈ មានយាន ពលវាហនៈ បានចូលទៅបម្រើព្រះសម្ពុទ្ធ កាលព្រះអត្ថទស្សី ឧត្តមជាងសត្វជើងពីរ ជាលោកនាថ ទ្រង់បរិនិព្វានហើយ ខ្ញុំនាំយក តូរ្យតន្រ្តីទាំងពួង ទៅកាន់ពោធិព្រឹក្យដ៏ប្រសើរ ។ ខ្ញុំប្រមូល គ្រឿងដេញដំទាំងអស់ ចូលទៅបម្រើដើមពោធិព្រឹក្សដ៏ប្រសើរ ដោយការប្រគំ និងការរាំ ដូចជាបម្រើព្រះសម្ពុទ្ធ ក្នុងទីចំពោះ ព្រះភក្ត្រ ។ ខ្ញុំបម្រើដើមពោធិព្រឹក្សក្នុងទីនោះ ជាឈើដុះលើផែនដី ខ្ញុំអង្គុយផ្គត់ភ្នែន ធ្វើកាលកិរិយាក្នុងទីនោះ ។ ខ្ញុំប្រារព្ធនូវអំពើ របស់ខ្លួន មានចិត្តជ្រះថ្លាចំពោះពោធិព្រឹក្សដ៏ប្រសើរ ក៏បានទៅ កើតក្នុងស្ថាននិម្មានរតី ដោយចិត្តជ្រះថ្លានោះ ។ តូរ្យតន្រ្តី ៦០០០០ តែងហែហមខ្ញុំសព្វៗ កាល ដែលកំពុងប្រព្រឹត្តទៅក្នុង ពួកមនុស្ស និងទេវតា ក្នុងភពតូច និងភពធំ ។ ភ្លើង ៣ ប្រការរបស់ខ្ញុំរលត់ហើយ ភពទាំងអស់ខ្ញុំគាស់រម្លើងចោលហើយ ខ្ញុំទ្រទ្រង់រាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ ។ ក្នុងកប្បទី ៥០០ អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រ ៣៤ ជាតិ មានព្រះនាមសុពាហុដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឯកាសនិយត្ថេរមានអាយុ បានសម្តែងហើយ នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។