ពុទ្ធសញ្ញកត្ថេរាបទានទី ៧
ព្រះវិបស្សីសម្ពុទ្ធ ជាកំពូលក្នុងលោក ទ្រង់ដាក់អាយុ សង្ខារ ក្នុងកាលណា ផែនដី និងសមុទ្ទក៏កម្រើក ញាប់ញ័រ ក្នុង កាលនោះ ។ សូម្បីលំនៅរបស់ខ្ញុំដ៏វិចិត្រស្អាត ទូលាយ ប្រាកដ ដូចធ្លាក់ចុះ ឃ្លាតចេញ កម្រើក ញាប់ញ័រ ក្នុងកាលជាទីអស់ ទៅនៃព្រះជន្មាយុរបស់ព្រះពុទ្ធ ។ កាលដែលលំនៅនៃខ្ញុំញាប់ញ័រ ហើយ ខ្ញុំក៏មានសេចក្តីតក់ស្លុតកើតឡើងថា ពន្លឺដ៏ធំបានកើតឡើង ហើយ ដើម្បីអ្វីហ្ន៎ ឬក៏ព្រះបាទវេស្សវ័ណស្តេចមកក្នុងទីនេះ ញ៉ាំងមហាជនឲ្យរលត់ទុក្ខ ឱមែន ភ័យដែលកើតដល់ជីវិត មិន មានទេ ខ្លួនអ្នកឯង ត្រូវតែមានសេចក្តីគោរព ត្រូវមានចិត្តនឹង តែមួយ ឱ ព្រះពុទ្ធ ឱ ព្រះធម៌ ឱ សម្បទារបស់ព្រះសាស្តានៃ យើង ព្រោះកាលដែលព្រះអង្គត្រាស់ឡើង ( ក្នុងលោក ) មហាប្រឹថពី ក៏កម្រើក ញាប់ញ័រដែរ ។ ខ្ញុំសរសើរនូវពុទ្ធានុភាព ( យ៉ាងនេះ ) ក៏បានរីករាយ ក្នុងស្ថានសួគ៌អស់មួយកប្ប ថែមទាំង ខ្ញុំធ្វើកុសលកម្ម ក្នុងកប្បដ៏សេសទាំងឡាយ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបាននូវ សេចក្តីសម្គាល់ ខ្ញុំមិនដែលស្គាល់ទុក្ខ នេះជាផលនៃសេចក្តី សម្គាល់ក្នុងព្រះពុទ្ធ ។ ក្នុងកប្បទី ១៤ អំពីកប្បនេះ ខ្ញុំបានកើត ជាស្តេចចក្រពត្តិ មានព្រះនាមសមិតរាជ ទ្រង់មានព្យាយាម មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ បានប្រតិបត្តិហើយ ។