អដ្ឋកថាមគ្គសញ្ញកត្ថេរាបទាន
អបទានរបស់ព្រះមគ្គសញ្ញកត្ថេរ មានពាក្យផ្តើមថា បទុមុត្តរពុទ្ធស្ស ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតជាទេវបុត្ត ត្រង់ហិមវន្តប្បទេស កាលសាវ័ករបស់ព្រះសម្ពុទ្ធទៅក្នុងព្រៃវង្វេងផ្លូវ កំពុងរកផ្លូវចេញអំពីព្រៃ បានប្រគេនអាហារឲ្យសាវ័កនោះឆាន់ ហើយប្រាប់ផ្លូវ ។ ដោយបុណ្យនោះ ទេវបុត្តនោះ បានសោយសគ្គសម្បត្តិ និងមនុស្សសម្បត្តិ ជាអ្នកមិនវង្វេងផ្លូវ ជាអ្នកពូកែខាងចាំក្នុងភពដែលខ្លួនកើត ក្នុងពុទ្ធុប្បាទកាលនេះ កុលបុត្តនោះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ មិនជាប់ចិត្តក្នុងឃរាវាស ទើបចេញបួស មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា បទុមុត្តរពុទ្ធស្ស ដូច្នេះជាដើម ។ បទថា សាវកា វនចារិនោ ភ្ជាប់សេចក្តីថា ឈ្មោះថា សាវក ព្រោះតាំងចិត្តស្តាប់ពាក្យប្រៀនប្រដៅ ដែលព្រះមានព្រះភាគត្រាស់សម្តែង ដោយប្រពៃ គឺដោយអើពើ ម្យ៉ាងទៀត ឈ្មោះថា សាវក ព្រោះតាំងចិត្ត ស្តាប់ព្រះសទ្ធម្ម ដោយបញ្ជូនញាណទៅតាមគន្លងធម្មទេសនារបស់ព្រះមាន ព្រះភាគ សរុបសេចក្តីថា សាវ័កទាំងឡាយ ដែលត្រាច់ចារិកទៅក្នុងព្រៃ វង្វេងផ្លូវ គឺធ្វើដំណើរទៅក្នុងព្រៃ វង្វេងដូចមនុស្សខ្វាក់ប្រាសចាកភ្នែកត្រាច់ ទៅ ដូច្នោះ ។