បច្ចុបដ្ឋានសញ្ញកត្ថេរាបទានទី ៩
កាលព្រះសុគតព្រះនាមអត្ថទស្សី ទ្រង់បរិនិព្វាន ខ្ញុំបាន ទៅកើតក្នុងកំណើតយក្សក្នុងលំដាប់ស្មើគ្នា កាលនោះ ខ្ញុំបានដល់ នូវយស ។ ខ្ញុំគិតថា អត្តភាពជាមនុស្ស អាត្មាអញបានមិនល្អ ភ្លឺស្វាងមិនល្អ តាំងឡើងមិនល្អ ព្រោះថា កាលដែលភោគៈរបស់ អាត្មាអញនៅមាន ព្រះសម្ពុទ្ធមានចក្ខុទ្រង់បរិនិព្វាន សាវ័កឈ្មោះ សាគរៈ ជ្រាបច្បាស់នូវតម្រិះរបស់ខ្ញុំ លោកប្រាថ្នានឹងស្រង់ខ្ញុំ ទើបនិមន្តមកក្នុងសម្នាក់ខ្ញុំ ( ហើយពោលថា ) ន្បែរសអ្នកមាន ប្រាជ្ញាល្អ អ្នកយំសោកពីរឿងអ្វី អ្នកកុំខ្លាចឡើយ ចូរប្រព្រឹត្តធម៌ ចុះ ការបរិបូណ៌ដោយពូជ គឺកុសលរបស់សត្វទាំងអស់ ព្រះពុទ្ធ ជាម្ចាស់បានប្រគល់ឲ្យហើយ ។ បុគ្គលណា បូជាព្រះសម្ពុទ្ធ ជាលោកនាយក ដែលទ្រង់គង់ព្រះជន្មនៅក្តី បូជាព្រះសារីរិកធាតុ ប្រមាណប៉ុនគ្រាប់ស្ពៃ របស់ព្រះសម្ពុទ្ធដែលបរិនិព្វានហើយក្តី កាលបើចិត្តមានសេចក្តីជ្រះថ្លាស្មើ បុណ្យជាមហគ្គតកុសលស្មើគ្នា ( គង់ចម្រើនដល់បុគ្គលនោះ ) ហេតុនោះ អ្នកចូរធ្វើព្រះស្តូប បញ្ចុះព្រះសារីរិកធាតុរបស់ព្រះជិនស្រីចុះ ។ ខ្ញុំបានស្តាប់វាចាព្រះ សាគរត្ថេរហើយ ខ្ញុំកសាងនូវពុទ្ធស្តូប ថែទាំព្រះស្តូបដ៏ប្រសើរ របស់ព្រះមុនី អស់ ៥ ឆ្នាំ ។ បពិត្រព្រះអង្គ ជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ជានរាសភៈ ខ្ញុំសោយសម្បត្តិ បានដល់នូវ អរហត្ត ដោយកុសលកម្មនោះ ។ ក្នុងកប្បទី ៧០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៤ ជាតិ ទ្រង់មានប្រាជ្ញាក្រាស់ដូចផែនដី បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។