សេរេយ្យវគ្គោ

ក្បាលទី 60 · ទំព័រ 501

ខ្ញុំជាអ្នកស្វាធ្យាយមន្ត អ្នកចងចាំមន្ត អ្នកដល់នូវ ត្រើយនៃវេទទាំង ៣ កំពុងឈរនៅក្នុងទីវាល បានឃើញព្រះលោក នាយក ទ្រង់ស្វែងរកនូវគុណដ៏ធំ ដូចជារាជសីហ៍ ត្រាច់ ទៅក្នុងព្រៃ ឬដូចស្តេចខ្លាដែលមិនតក់ស្លុត ឬដូចដំរីឈ្មោះមាតង្គៈ ដែលកំពុងចុះប្រេង ៣ កន្លែង ។ ខ្ញុំកាន់យកផ្កាសិរមាន់បោះ ឡើង នាអាកាស ផ្កាទាំងនោះ ក៏ព័ទ្ធព័ន្ធជុំវិញដោយអានុភាព ព្រះពុទ្ធ ។ ព្រះសព្វញ្ញូជាលោកនាយក មានព្យាយាមធំ ទ្រង់ អធិដ្ឋានថា ផ្កាទាំងឡាយ ចូររោយរាយជារបាំងផ្កាជុំវិញតថាគត ដ៏ប្រសើរជាងនរៈ ។ លំដាប់នោះ សំណុំផ្កានោះ មានទងចូលក្នុង មានមុខចេញក្រៅ ធ្វើជារបាំង ប្រក់អស់ ៧ ថ្ងៃ តពីនោះមក ក៏ បាត់អស់ទៅ ។ លុះខ្ញុំបានហេតុជាអស្ចារ្យចម្លែក គួរព្រឺរោមនោះ បានញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ ជាព្រះសុគត លោកនាយក ។ ខ្ញុំត្រូវកុសលមូលដាស់តឿន មិនដែលទៅកើតក្នុងទុគ្គតិ អស់ ១ សែនកប្ប ដោយចិត្តជ្រះថ្លានោះ ។ ក្នុងកប្បទី ១៥០២៥ ខ្ញុំបាន កើតជាស្តេចចក្រពត្តិច្រើនជាតិ ព្រះនាមវិលាមាលៈដូចគ្នា ទ្រង់ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសេរេយ្យកត្ថេរមានអាយុ បានសម្តែងហើយ នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។