អដ្ឋកថាសេរេយ្យកត្ថេរាបទាន
អបទានរបស់ព្រះសេរេយ្យកត្ថេរ មានពាក្យផ្តើមថា អជ្ឈាយកោ មន្តធរោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានច្រើនពាន់អត្តភាព ក្នុងកាលមុន ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កុលបុត្តនោះ បាន កើតក្នុងត្រកូលព្រាហ្មណ៍ ដល់នូវភាពជាអ្នកដឹងក្តីហើយ ចេះចប់ត្រៃវេទ ចប់នូវមន្តគ្រប់យ៉ាងរបស់ព្រាហ្មណ៍ មានឥតិហាសៈជាដើម ។ ថ្ងៃមួយ ឈរ ក្នុងទីវាល មួយអន្លើដោយបរិវារ បានជួបព្រះមានព្រះភាគ មានចិត្តជ្រះថ្លា ទើបចាប់យកផ្កាសិរមាន់បោះឡើងទៅលើអាកាសបូជា ។ ផ្កាទាំងនោះ ក្លាយ ជាពិតានលើអាកាស តាំងនៅ ៧ ថ្ងៃ ក៏អន្តរធានទៅ កុលបុត្តនោះ បាន ឃើញភាពអស្ចារ្យបែបនោះហើយ មានសេចក្តីជ្រះថ្លាពន់ពេក ស្លាប់ទៅដោយ បីតិ និងសោមនស្សនោះឯង បានទៅកើតក្នុងស្ថានសួគ៌ជាន់តុសិតជាដើម បានសោយទិព្វសុខក្នុងស្ថានសួគ៌ជាន់នោះហើយ បន្ទាប់អំពីនោះ បានមក កើតជាមនុស្ស សោយសុខក្នុងមនុស្សហើយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុង ផ្ទះមានត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ ដោយកម្លាំងនៃ វាសនាដែលបានសន្សំមកក្នុងកាលមុន មានសេចក្តីជ្រះថ្លាក្នុងព្រះសាស្តា ទើបចេញបួស មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់កុសលកម្មដែលខ្លួនសន្សំមកក្នុង កាលមុន កើតនូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុង កាលមុន ទើបពោលពាក្យថា អជ្ឈាយកោ មន្តធរោ ដូច្នេះជាដើម ។