បាយាសទាយកត្ថេរាបទានទី ៣
ព្រះសម្ពុទ្ធមានវណ្ណៈដូចមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ មានភិក្ខុសង្ឃចោមរោម ទ្រង់ចេញអំពីព្រៃធំ ខ្ញុំដួស បាយាសដាក់ភាជន៍សំរឹទ្ធិ ដោយដៃរបស់ខ្លួន ខ្ញុំប្រាថ្នានឹងបូជានូវ គ្រឿងបូជា ក៏ដើរសំដៅទៅកាន់ទីបូជា ។ ក្នុងសម័យនោះ ព្រះមាន ព្រះភាគ ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់ឡើងកាន់ទី ច្រង្កមព្ធដ៏អាកាសជាផ្លូវខ្យល់ ។ ខ្ញុំឃើញហេតុដ៏អស្ចារ្យចម្លែក គួរព្រឺរោមនោះ ក៏ដាក់ចុះនូវភាជន៍សំរឹទ្ធិ ថ្វាយបង្គំព្រះវិបស្សី ( អារាធនាថា ) បពិត្រព្រះមហាមុនី ព្រះអង្គជាសព្វញ្ញុពុទ្ធ ក្នុង មនុស្សលោក និងទេវលោក សូមព្រះអង្គអាស្រ័យសេចក្តី អនុគ្រោះ ទទួលយក ។ ព្រះមានព្រះភាគ ជាសព្វញ្ញូ លោកនាយក ជាសាស្តាដ៏ប្រសើរក្នុងលោក ទ្រង់ជ្រាបតម្រិះរបស់ខ្ញុំ ហើយទ្រង់ទទួលយក ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាល នោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបាយាស ។ ក្នុងកប្បទី ៤១ អំពីកប្បនេះ ខ្ញុំបាន កើតជាស្តេចចក្រពត្តិ ១ ជាតិ ព្រះនាមពុទ្ធរាជ ទ្រង់បរិបូណ៌ ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបាយាសទាយកត្ថេរមានអាយុ បានសម្តែង ហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។