គន្ធោទកិយត្ថេរាបទានទី ៤
ខ្ញុំអង្គុយក្នុងប្រាសាទដ៏ប្រសើរ បានឃើញព្រះជិនស្រី ព្រះនាមវិបស្សី ជាសព្វញ្ញូនាយកដ៏ឧត្តម ទ្រង់ល្វាសល្វន់ដូច ដើមថ្ងាន់ត្រូវខ្យល់ ។ ព្រះលោកនាយក ទ្រង់ធ្វើពុទ្ធដំណើរទៅ ជិតប្រាសាទ ពន្លឺរបស់ព្រះអង្គ ផ្សាយចេញក្នុងកាលព្រះអាទិត្យ អស្តង្គត ។ ខ្ញុំកាន់យកទឹកអប់មកប្រោះព្រំ ព្រះសម្ពុទ្ធដ៏ប្រសើរ ដោយចិត្តជ្រះថ្លានោះ ខ្ញុំក៏ធ្វើកាលកិរិយាក្នុងទីនោះ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំប្រោះព្រំទឹកអប់ ខ្ញុំមិនដែល ស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមគន្ធរាជ ទ្រង់បរិបូណ៌ ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះគន្ធោទកិយត្ថេរមានអាយុ បានសម្តែងហើយ នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។