អដ្ឋកថាគន្ធោទកិយត្ថេរាបទាន
អបទានរបស់ព្រះគន្ធោទកិយត្ថេរ មានពាក្យផ្តើមថា និសជ្ជ បសាទវរេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កុលបុត្តនេះ កើតក្នុងត្រកូលសេដ្ឋី ដល់នូវភាពជាអ្នកដឹងក្តីហើយ មានទ្រព្យច្រើន មានភោគសម្បត្តិច្រើន សោយ សេចក្តីសុខក្នុងមនុស្សលោក ដូចគ្នានឹងសោយសេចក្តីសុខដែលជាទិព្វ ដូច្នោះ ។ ថ្ងៃមួយ អង្គុយក្នុងប្រាសាទដ៏ប្រសើរ ។ ក្នុងកាលនោះ ព្រះមាន ព្រះភាគយាងទៅតាមផ្លូវ ដូចភ្នំមាសធំ ។ កុលបុត្តនោះ បានឃើញព្រះមាន ព្រះភាគយាងទៅនោះហើយ មានចិត្តជ្រះថ្លា ចូលទៅថ្វាយបង្គំ ហើយ យកទឹកក្រអូបយ៉ាងល្អ ប្រោះព្រំបូជាព្រះមានព្រះភាគ ដោយបុណ្យនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ មិនជាប់ក្នុងឃរាវាស បានបួសក្នុងសម្នាក់របស់ព្រះសាស្តា រៀនកម្មដ្ឋាន ចម្រើនវិបស្សនា មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់កុសលកម្មក្នុងកាលមុនរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើប ពោលពាក្យថា និសជ្ជ បសាទវរេ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា បសាទោ មានវិគ្គហៈថា ឈ្មោះថា បសាទ ព្រោះឲ្យនូវការជ្រះថ្លា គឺឲ្យកើតការត្រេកអរ អធិប្បាយថា ធ្វើសេចក្តីជ្រះថ្លា ឲ្យកើតឡើងដល់មហាជន ដែលចូលទៅឃើញភាពវិចិត្រផ្សេងៗ ដូចជា មាលាកម្ម ចិត្រកម្ម និងសុវណ្ណកម្ម ( ការលាបពណ៌មាស ) ជាដើម ។ ក្នុងប្រាសាទនោះ ។