គន្ធបុប្ផិយត្ថេរាបទានទី ៩
ព្រះមានព្រះភាគ ព្រះនាមវិបស្សី មានវណ្ណៈដូចមាស ទ្រង់គួរទទួលនូវទក្ខិណាទាន មានពួកសាវ័កចោមរោម ស្តេច ចេញអំពីអារាម ។ ខ្ញុំឃើញព្រះពុទ្ធដ៏ប្រសើរ ជាសព្វញ្ញូ មិន មានអាសវៈ ក៏មានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានបូជាផ្លូវ ដែលស្តេចនិមន្តទៅ ។ ខ្ញុំជាអ្នករីករាយ មានចិត្តរីករាយ ចំពោះ ព្រះសម្ពុទ្ធជាតាទិបុគ្គល ប្រសើរជាងសត្វជើងពីរ ទើបថ្វាយបង្គំ ព្រះតថាគតម្តងទៀត ដោយចិត្តជ្រះថ្លានោះ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៤១ អំពី កប្បនេះ ខ្ញុំកើតជាក្សត្រចក្រពត្តិ ឈ្មោះវរុណៈ ទ្រង់បរិបូណ៌ ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះគន្ធបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។