អដ្ឋកថាសោភិតត្ថេរាបទាន
អបទានរបស់ព្រះសោភិតត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ តម្កល់ខ្លួនក្នុងភាពជាឃរាវាស ។ ថ្ងៃមួយ កាលព្រះសាស្តាសម្តែងព្រះធម្មទេសនា មានចិត្តជ្រះថ្លា សោមនស្ស ទើប សរសើរដោយប្រការផ្សេងៗ ។ ដោយសោមនស្សនោះឯង កុលបុត្តនោះធ្វើ កាលកិរិយាហើយ កើតក្នុងទេវលោក សោយទិព្វសុខក្នុងទេវលោកនោះ ហើយ បានមកកើតក្នុងមនុស្សលោក សោយសេចក្តីសុខក្នុងមនុស្សលោក ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ក្នុងនគរសាវត្ថី កុលបុត្តនោះ មានអាយុ ៧ ឆ្នាំ ក៏ចេញបួស មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត មាន អភិញ្ញា ៦ ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា បទុមុត្តរោ នាម ជិនោ ដូច្នេះជាដើម ។ ពាក្យទាំងអស់នោះ មានអត្ថងាយយល់ហើយ ព្រោះមានន័យដូច ពោលហើយខាងដើមនោះឯង ។