សុទស្សនត្ថេរាបទានទី ២
ពួកឈើមិលក្ខុមានផ្លែ នៅក្បែរឆ្នេរស្ទឹងដ៏ធំ ខ្ញុំកំពុង ស្វែងរកឈើនោះ បានឃើញព្រះលោកនាយក ។ ក្នុងកាលនោះ ខ្ញុំឃើញដើមកែស មានផ្ការីក ទើបកាច់ផ្កាទាំងទង នាំចូលទៅ ថ្វាយចំពោះព្រះពុទ្ធ ព្រះនាមសិខី ជាលោកពន្ធុ ក្រាបទូលថា បពិត្រព្រះសម្ពុទ្ធ ទ្រង់ប្រសើរ ជាមហាមុនី ព្រះអង្គដល់ហើយ នូវអមតបទ ជាទីមិនឃ្លាត ដោយញាណណា ខ្ញុំបូជាចំពោះ ញាណនោះ ។ លុះខ្ញុំធ្វើការបូជាចំពោះញាណហើយ ទើបបាន ឃើញនូវឈើមិលក្ខុ ខ្ញុំជាបុគ្គលបាននូវការសម្គាល់នោះ នេះជា ផលនៃញាណបូជា ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុ ដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃញាណបូជា ។ ក្នុងកប្បទី ១៣ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១២ ជាតិ ព្រះនាមពលុគ្គតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសុទស្សនត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។