ចម្បកបុប្ឆិយត្ថេរាបទានទី ៦
ក្បាលទី 60 · ទំព័រ 561
( ព្រះសម្ពុទ្ធ ) ទ្រង់រុងរឿងដូចផ្កាកណិការ ទ្រង់គង់ នៅនាចន្លោះភ្នំ ញ៉ាំងទិសទាំងពួង ឲ្យភ្លឺដូចផ្កាយព្រឹក មាណព ៣ នាក់ ជាអ្នកសិក្សាជំនាញក្នុងសិល្បសាស្ត្ររបស់ខ្លួន នាំគ្នា រែកអម្រែក ដើរមកអំពីក្រោយខ្ញុំ ខ្ញុំបានយកផ្កាទាំង ៧ ដែល តាបសដាក់ក្នុងកញ្ចប់នោះ ហើយថ្វាយផ្កាទាំងនោះ ចំពោះព្រះញាណ របស់ព្រះវេស្សភូសម្មាសម្ពុទ្ធ ។ ក្នុងកប្បទី ៣១ អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃញាណបូជា ។ ក្នុងកប្បទី ២៩ អំពីកប្បនេះ ខ្ញុំកើត ជាស្តេចចក្រពត្តិ ព្រះនាមវិហតាភាសៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះចម្បកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។