អដ្ឋកថាចម្បកបុប្ឆិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 562

អបទានរបស់ព្រះចម្បកបុប្ផិយត្ថេរ មានពាក្យផ្តើមថា កណិការំវ ជោតន្តំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមវេស្សភូ កើតក្នុងត្រកូលព្រាហ្មណ៍ ចម្រើន វ័យហើយ សម្រេចការសិក្សាសិប្បៈប្រចាំត្រកូល តែមើលមិនឃើញសារៈ ក្នុងសិប្បៈនោះ ទើបលះឃរាវាសបួសជាឥសីក្នុងចន្លោះព្រៃ យកផ្កាចម្បា ដែលពួកសិស្សនាំមក បូជាចំពោះព្រះមានព្រះភាគព្រះនាមវេស្សភូ ។ ព្រះមាន ព្រះភាគទ្រង់ធ្វើអនុមោទនា ។ ដោយកុសលកម្មនោះឯង កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ សោយសម្បត្តិទាំងពីរ ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ មានការនឿយណាយក្នុងឃរាវាស ព្រោះកម្លាំងវាសនាក្នុងកាលមុន ទើប ចេញបួស មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ក្នុងកាលតមក ព្រះថេរៈរពឫកដល់បុញ្ញកម្មក្នុងកាលមុនរបស់ខ្លួន កើត នូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើប ពោលពាក្យថា កណិការំវ ជោតន្តំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា កណិការំ សេចក្តីថា ឈ្មោះថា កណិការ ព្រោះក្នុងពេលដែល ជម្រុះស្លឹកចាស់អស់ហើយ ចេញផ្កាជាប់គ្នាជាផ្ទាំង កាលផ្កាក្រពុំហើយ ក៏ ត្រឡប់ដូចជាផ្កាទួទៅ ។ គប្បីជ្រាបថា កាលគួរប្រើពាក្យថា កណ្ណិការ លោកបែរជាប្រើពាក្យថា កណិការ ព្រោះលុប ណ អក្ខរៈ ខាងមុខចោល តាមគោលរបស់ភាសា អធិប្បាយថា ខ្ញុំបានឃើញព្រះពុទ្ធ ដែលរុងរឿងដូច ដើមកណិការដែលរីកហើយនោះ ។