អដ្ឋកថាអត្ថសន្ទស្សកត្ថេរាបទាន
អបទានរបស់ព្រះអត្ថសន្ទស្សកត្ថេរ មានពាក្យផ្តើមថា វិសាលមាឡេ អាសីនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយក្នុងជាតិជាច្រើន ក្នុងកាលនៃព្រះមានព្រះភាគព្រះនាម បទុមុត្តរៈ កើតក្នុងត្រកូលព្រាហ្មណ៍ ចម្រើនវ័យហើយ សម្រេចការសិក្សា ក្នុងសិប្បៈប្រចាំត្រកូល តែមើលមិនឃើញសារៈក្នុងសិប្បៈនោះ ទើប លះផ្ទះទៅកាន់ហិមវន្តប្បទេស សាងបណ្ណសាលា អាស្រ័យនៅក្នុងទីដែល គួរត្រេកអរនៃចិត្ត ។ ក្នុងកាលនោះ កុលបុត្តនោះ បានជួបព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ យាងមកកាន់ហិមវន្តប្បទេស ដើម្បីអនុគ្រោះពួកសត្វ មានចិត្តជ្រះថ្លា ថ្វាយបង្គំប្រកបព្រមដោយអង្គ ៥ ធ្វើនូវការសរសើរដោយ ពាក្យសរសើរជាច្រើន ដោយបុណ្យនោះ កុលបុត្តនោះតម្កល់ជីវិតនៅដរាប ដល់អស់អាយុ ធ្វើកាលកិរិយាហើយ បានទៅកាន់ព្រហ្មលោក ។ ក្នុងកាល តមក ក្នុងពុទ្ធុប្បាទកាលនេះ កុលបុត្តនោះបានកើតក្នុងផ្ទះមានត្រកូល ដល់ នូវភាពជាអ្នកដឹងក្តីហើយ បានស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា បាននូវ សទ្ធា បួសហើយ មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្ស កាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា វិសាលមាឡេ អាសីនោ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា វិសាលមាឡេ សេចក្តី ថា មណ្ឌបដ៏ធំ គឺទូលាយ ខ្ញុំអង្គុយក្នុងមណ្ឌបធំ បានឃើញព្រះពុទ្ធ ជា លោកនាយក ។