អដ្ឋកថាផលទាយកត្ថេរាបទាន
អបទានរបស់ព្រះផលទាយកត្ថេរ មានពាក្យផ្តើមថា បរោធកោ តទា អាសឹ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមសិខី កុលបុត្តនេះ កើតក្នុងត្រកូលព្រាន សម្លាប់ម្រឹគទាំងឡាយចិញ្ចឹមជីវិត អាស្រ័យនៅត្រង់ញកភ្នំមួយកន្លែង ក្នុង ព្រៃហិមពាន្ត ក្នុងកាលនោះ ព្រានព្រៃនោះ បានឃើញព្រះមានព្រះភាគព្រះនាម សិខី យាងទៅកាន់ទីនោះ មានចិត្តជ្រះថ្លា នមស្ការទាំងល្ងាច ទាំងព្រឹក មើលមិនឃើញទេយ្យធម៌ណាមួយ ទើបបេះផ្លែទ្រយឹង ដែលមានរសផ្អែម ទៅថ្វាយ ព្រះមានព្រះភាគសោយផ្លែឈើទាំងនោះហើយ ព្រានព្រៃនោះ មានសរីរៈដែលបីតិ មានព្រះពុទ្ធជាអារម្មណ៍ពាល់ត្រូវសព្វកាល មានចិត្ត ឆ្ងាយចាកបាបកម្ម បរិភោគមើមឈើ និងផ្លែឈើជាអាហារ មិនយូរបុន្មាន ក៏អស់ជីវិត ទៅកើតក្នុងទេវលោក ។ កុលបុត្តនោះ បានសោយទិព្វសម្បត្តិក្នុងទេវលោកនោះហើយ មក កើតក្នុងមនុស្សលោក សោយនូវសម្បត្តិយ៉ាងច្រើនក្នុងមនុស្ស ក្នុងពុទ្ធុប្បាទកាលនេះ កុលបុត្តនោះ បានកើតក្នុងត្រកូលគហបតី ដល់នូវភាពជា អ្នកដឹងក្តីហើយ នៅគ្រប់គ្រងផ្ទះ តែមិនមានការត្រេកអរក្នុងការគ្រប់គ្រង ផ្ទះនោះ ទើបលះផ្ទះចេញបួសក្នុងសម្នាក់ព្រះសាស្តា ចម្រើនវិបស្សនា ហើយ មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត រពឫកដល់កម្ម គឺការថ្វាយ ផ្លែឈើ ដែលខ្លួនបានបំពេញ កើតនូវសោមនស្ស កាលប្រកាសអបទាន ដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា បរោធកោ តទា អាសឹ ដូច្នេះជាដើម ។