ឆត្តវគ្គោ
ក្បាលទី 60 · ទំព័រ 578
កាលព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ទ្រង់ប្រសើរ ជាងពួកនរៈ ទ្រង់បរិនិព្វានហើយ ខ្ញុំបានឲ្យគេធ្វើឆត្ររួត ហើយ ឲ្យលើកឡើងត្រង់ព្រះស្តូប ។ ខ្ញុំបានមកនមស្ការព្រះលោកនាយក សព្វៗ កាល ហើយធ្វើគ្រឿងប្រក់ដោយផ្កា លើកឡើងតម្កល់ពី ខាងលើឆត្រ ។ ក្នុងកប្បទី ១១៧ អំពីកប្បនេះ ខ្ញុំបានសោយជា ទេវរាជ ខ្ញុំមិនដែលទៅកើតជាមនុស្សម្តងឡើយ នេះជាផលនៃ ថូបបូជា ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបាន ប្រតិបត្តិហើយ ។ បានឮថា ព្រះអធិឆត្តិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។