អដ្ឋកថាវេទិការកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 586

អបទានរបស់ព្រះវេទិការកត្ថេរ មានពាក្យផ្តើមថា និព្វុតេ លោកនាថម្ហិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមបិយទស្សី កើតក្នុងត្រកូលមួយកន្លែងដែល សម្បូរដោយសម្បត្តិ ដល់នូវភាពជាអ្នកដឹងក្តីហើយ នៅគ្រប់គ្រងផ្ទះ កាលព្រះសាស្តាបរិនិព្វានហើយ មានសេចក្តីជ្រះថ្លាក្នុងព្រះសាស្តា ទើបឲ្យ ធ្វើទេនមូលត្រង់ចេតិយរបស់ព្រះមានព្រះភាគអង្គនោះ ដាក់នូវកែវមណី ៧ ប្រការរហូតពេញហើយ ធ្វើការបូជាដ៏មហោឡារ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ជាអ្នកបានទទួលការបូជា មានទ្រព្យច្រើន មានភោគសម្បត្តិច្រើន ច្រើនសែនជាតិ សោយសុខ ក្នុងលោកទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូល ដែល សម្បូរដោយសម្បត្តិ កាលបួសហើយ ព្យាយាមមិនយូរប៉ុន្មាន ក៏បានជាព្រះអរហន្ត ។ ថ្ងៃមួយ ព្រះថេរៈរពឫកដល់កុសលដែលខ្លួនធ្វើមកក្នុងកាលមុន កើតនូវ សោមនស្ស កាលប្រកាសអបទាន ទើបពោលពាក្យថា និព្វុតេ លោកនាថម្ហិ ដូច្នេះជាដើម ។ ពាក្យនោះ មានអត្ថដូចពោលហើយខាងដើមនោះឯង ។ បទថា បិយទស្សីនរុត្តមេ មានវិគ្គហៈថា ព្រះមានព្រះភាគអង្គណា មាន ព្រះរូបគួរជាទីស្រឡាញ់ គឺមានការនាំឲ្យកើតសោមនស្ស ព្រះមានព្រះភាគ អង្គនោះព្រះនាមបិយទស្សី អធិប្បាយថា ព្រះអង្គជាបុគ្គលល្អដោយមហាបុរិសលក្ខណៈ ៣២ ប្រការ អនុព្យញ្ជនៈ ៨០ និងមណ្ឌលនៃរស្មីដែលផ្សាយ ចេញជុំវិញ ១ ព្យាម មានព្រះរូបដែលធ្វើឲ្យកើតការជ្រះថ្លាដល់មហាជន ឈ្មោះថា នរុត្តម ព្រោះឧត្តមជាងនរជនទាំងឡាយ ។