សបរិវារិយត្ថេរាបទានទី ៤
ព្រះជិនស្រីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ជានរាសភៈ រុងរឿងដូចគំនរភ្លើង ទ្រង់បរិនិព្វានហើយ ។ លុះ ព្រះមហាវីរៈ ទ្រង់បរិនិព្វានហើយ ព្រះស្តូបជារបស់ធំសម្បើម ក៏កើតមានឡើង ( ក្នុងកាលនោះ ) ពួកជន តែងនាំគ្នាចូលទៅ បម្រើព្រះស្តូប ត្រង់ល្វែងតម្កល់ព្រះធាតុដ៏ប្រសើរឧត្តម ។ កាល នោះ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តសោមនស្ស បានសាងខឿនខ្លឹម ចន្ទន៍ បានថ្វាយធូប និងគ្រឿងក្រអូប ដ៏សមគួរដល់ព្រះស្តូប ។ កាលខ្ញុំកើតក្នុងភព ( ណាៗ ) ទោះបីជាទេវតា ឬជាមនុស្ស ខ្ញុំមិនបានជួបភាពថោកទាបឡើយ នេះជាផលនៃបុព្វកម្ម ។ ក្នុង កប្បទី ១១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៨ ជាតិ ព្រះនាមសមត្តៈដូចគ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះសបរិវារិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។