អនុលោមទាយកត្ថេរាបទានទី ៦
ខ្ញុំបានធ្វើខឿនពោធិព្រឹក្ស នៃព្រះមុនីព្រះនាមអនោមទស្សី បានដាក់ដុំបាយ-អ ហើយធ្វើនូវបាណិកម្ម ( បូក ) ។ ព្រះសាស្តា ព្រះនាមអនោមទស្សី ប្រសើរជាងនរៈ គង់ក្នុងកណ្តាល ភិក្ខុសង្ឃ ឃើញអំពើដែលខ្ញុំធ្វើល្អនោះហើយ ទើបសម្តែងគាថា នេះថា កុលបុត្តនេះ បានសោយសម្បត្តិ ដោយការបូកបាយ-អ នេះផង ដោយការតម្កល់ទុកនូវចេតនាផង ហើយនឹងធ្វើនូវព្រះ និព្វានជាទីបំផុតទុក្ខ ។ ខ្ញុំមានសម្បុរមុខថ្លាស្រស់ មានចិត្តនឹងនៅក្នុង អារម្មណ៍តែមួយ មានចិត្តតម្កល់មាំល្អ ខ្ញុំទ្រទ្រង់នូវរាងកាយ ជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ ។ ក្នុងកប្បទី ១០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមសម្បស្សនៈ ទ្រង់បរិបូណ៌ មិនខ្វះខាត ( ដោយសម្បត្តិ ) មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះអនុលោមទាយកត្ថេរមានអាយុ បានសម្តែង នូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។