មគ្គទាយកត្ថេរាបទានទី ៧
ក្បាលទី 60 · ទំព័រ 597
ព្រះសម្ពុទ្ធមានបញ្ញាចក្ខុ ព្រះនាមសិទ្ធត្ថៈ ទ្រង់ឆ្លងស្ទឹង ស្តេចពុទ្ធដំណើរទៅកាន់ព្រៃ ខ្ញុំបានឃើញព្រះសម្ពុទ្ធព្រះនាម សិទ្ធត្ថៈនោះ ទ្រង់មានលក្ខណៈដ៏ប្រសើរ ទើបខ្ញុំកាន់យកចប និងកញ្ជើ ធ្វើផ្លូវនោះឲ្យរាបស្មើ ហើយថ្វាយបង្គំព្រះសាស្តា ហើយញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លូវ ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំនោះ បានកើតជាស្តេច ១ អង្គ ព្រះនាមសុប្បពុទ្ធ ជាធំជាងជន ជានាយក ជាឥស្សរៈលើពួកនរជន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះមគ្គទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។