អដ្ឋកថាមគ្គទាយកត្ថេរាបទាន
អបទានរបស់ព្រះមគ្គទាយកត្ថេរ មានពាក្យផ្តើមថា ឧត្តរិត្វាន នទិកំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពមិនមែនតិច ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងត្រកូល ដែលសត្វលោក គោរពរាប់អាន ចម្រើនវ័យហើយក៏ តាំងនៅក្នុងឃរាវាសនិស្ស័យ ថ្ងៃមួយ បានឃើញព្រះមានព្រះភាគទ្រង់ឆ្លងស្ទឹងមួយកន្លែងហើយ យាងចូលទៅ ក្នុងព្រៃ មានសេចក្តីជ្រះថ្លា គិតថា ពេលនេះ គួរអញធ្វើផ្លូវឲ្យរាបស្មើ ដើម្បីព្រះមានព្រះភាគ ដូច្នេះហើយ កាន់យកចប និងកញ្ជើមកធ្វើផ្លូវ ដែល ព្រះមានព្រះភាគយាងទៅឲ្យរាបស្មើ រោយនូវខ្សាច់ហើយ ចូលទៅថ្វាយបង្គំ ព្រះបាទារបស់ព្រះមានព្រះភាគ តាំងសេចក្តីប្រាថ្នាថា បពិត្រព្រះអង្គ ដោយ ផលនៃការពង្រាបផ្លូវឲ្យល្អនេះ ខ្ញុំព្រះអង្គសូមបានទទួលនូវការបូជាសព្វទី ដែលខ្ញុំកើតផងចុះ ម្យ៉ាងទៀត ខ្ញុំព្រះអង្គសូមបានសម្រេចនូវព្រះនិព្វានផង ចុះ ។ ព្រះមានព្រះភាគ ទ្រង់ធ្វើអនុមោទនាថា យថាធិប្បាយំ សមិជ្ឈតុ អ្នកប្រាថ្នាយ៉ាងណា ចូរសម្រេចយ៉ាងនោះចុះ ហើយចៀសចេញទៅ ។ ដោយ បុញ្ញកម្មនោះ កុលបុត្តនោះ ក៏បានអន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ បានទទួលនូវការបូជាគ្រប់ភព ( ដែលខ្លួនកើត ) ក្នុងពុទ្ធុប្បាទកាល នេះ បានកើតក្នុងត្រកូលដែលមានកេរ្តឈ្មោះមួយកន្លែង ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ ចម្រើនវិបស្សនា មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត ជ្រាប ដល់បុព្វកម្មរបស់ខ្លួនបានដោយប្រចក្ស កើតនូវសោមនស្ស កាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា ឧត្តរិត្វាន នទិកំ ដូច្នេះជាដើម ។ ក្នុង