បល្លង្កទាយកត្ថេរាបទានទី ១០

ក្បាលទី 60 · ទំព័រ 606

ខ្ញុំបានថ្វាយបល័្លង្ក ( គ្រែ ) ព្រមទាំងពិតាន ចំពោះ ព្រះមានព្រះភាគព្រះនាមសុមេធៈ ជាច្បងក្នុងលោក ទ្រង់ប្រកបដោយ តាទិគុណ ។ ពេលនោះ បល្ល័ង្កដ៏បរិបូណ៌ដោយកែវ ៧ ប្រការនោះ ( ហាក់ដូចជា ) ដឹងតម្រិះរបស់ខ្ញុំ តែងកើតសម្រាប់ ខ្ញុំសព្វៗ កាល ។ ក្នុងកប្បទី ៣០០០០ អំពីកប្បនេះ ក្នុងកាល នោះ ព្រោះហេតុដែលខ្ញុំបានថ្វាយបល្ល័ង្ក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបល្ល័ង្ក ។ ក្នុងកប្បទី ២០០០០ ខ្ញុំបានកើត ជាស្តេចចក្រពត្តិ ៣ ជាតិ ព្រះនាមសុវណ្ណាភា ទ្រង់បរិបូណ៌ ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះបល្លង្កទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន អធិឆត្តិយត្ថេរាបទាន ១ ថម្ភារោបកត្ថេរាបទាន ១ វេទិការកត្ថេរាបទាន ១ សបរិវារិយត្ថេរាបទាន ១ ឧម្មាបុប្ផិយត្ថេរាបទាន ១ អនុលោមទាយកត្ថេរាបទាន ១ អគ្គទាយកត្ថេរាបទាន ១ ផលកទាយកត្ថេរាបទាន ១ វដំសកិយត្ថេរាបទាន ១ បល្លង្កទាយកត្ថេរាបទាន ១ មានគាថា ៥៦ អ្នកប្រាជបានពោលទុកហើយ ។