អដ្ឋកថាបល្លង្កទាយកត្ថេរាបទាន
អបទានរបស់ព្រះបល្លង្កទាយកត្ថេរ មានពាក្យផ្តើមថា សុមេធស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពមិនមែនតិច ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមសុមេធៈ កើតក្នុងត្រកូលគហបតី ចម្រើន វ័យហើយ សម្បូរដោយភោគសម្បត្តិជាច្រើន ជ្រះថ្លាក្នុងព្រះសាស្តា បាន ស្តាប់ធម៌ហើយ ឲ្យមនុស្សធ្វើបល្ល័ង្កដែលសម្រេចដោយរតនៈ ៧ ប្រការថ្វាយ ដល់ព្រះសាស្តាអង្គនោះហើយ បានធ្វើនូវការបូជាធំ ។ ដោយបុណ្យ នោះ កុលបុត្តនោះ បានអន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ជាបុគ្គល បានទទួលការបូជាក្នុងទីទាំងពួង ដោយលំដាប់ ក្នុងពុទ្ធុប្បាទកាលនេះ កើត ក្នុងត្រកូលមួយកន្លែង ដែលសម្បូរដោយសម្បត្តិ ដល់នូវភាពជាអ្នកដឹងក្តី ហើយ នៅគ្រប់គ្រងផ្ទះ បានស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តាហើយ កើតនូវសេចក្តីជ្រះថ្លា បួសហើយ មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត បានប្រាកដឈ្មោះថា បល្លង្កទាយកត្ថេរ តាមឈ្មោះនៃបុណ្យដែលខ្លួនបានធ្វើ ហើយក្នុងកាលមុន ។ ក្នុងរឿងខាងមុខ គប្បីជ្រាបថា ព្រះថេរៈទាំងឡាយ បាននាមតាមឈ្មោះបុណ្យដែលធ្វើក្នុងកាលមុន ដូចរឿងដែលកន្លងមកហើយ នោះឯង ។ ថ្ងៃមួយ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាល ប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា សុមេធស្ស ភគវតោ ដូច្នេះជាដើម ។ បទថា បល្លង្កោ ហិ មយា ទិន្នោ សេចក្តីថា ជនទាំងឡាយ រមែងចូលទៅអង្គុយក្នុងទីដែលធ្វើបល្ល័ង្ក គឺអាសនៈស្មើភ្លៅ ដែលលោកហៅថា បល្លង្ក អធិប្បាយថា បល្ល័ង្កនោះ ធ្វើដោយរតនៈ ៧ ប្រការ ខ្ញុំបានបូជាថ្វាយហើយ ។