អដ្ឋកថាពន្ធុជីវកត្ថេរាបទាន
អបទានរបស់ព្រះពន្ធុជីវកត្ថេរ មានពាក្យផ្តើមថា ចន្ទំវ វិមលំ សុទ្ធំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុង កាលនៃព្រះមានព្រះភាគព្រះនាមសិខី បានកើតក្នុងផ្ទះមានត្រកូល ដល់នូវ ភាពជាអ្នកដឹងក្តីហើយ នៅគ្រប់គ្រងផ្ទះ បានឃើញព្រះរូបកាយសម្បត្តិ របស់ព្រះមានព្រះភាគព្រះនាមសិខីហើយ មានចិត្តជ្រះថ្លា បេះផ្កាច្បាជាច្រើន បូជាទៀបបាទមូលព្រះមានព្រះភាគ ដើម្បីធ្វើចិត្តរបស់កុលបុត្តនោះ ឲ្យកើត សេចក្តីជ្រះថ្លា ទើបព្រះមានព្រះភាគទ្រង់ធ្វើអនុមោទនា ។ កុលបុត្តនោះ តាំងជីវិតនៅដរាបដល់អាយុក្ខ័យ ដោយបុណ្យនោះឯង ក៏ទៅកើតក្នុងទេវលោក សោយនូវកាមាវចរសម្បត្តិ ៦ ជាន់ ហើយបានសោយសម្បត្តិ មាន ចក្កពត្តិសម្បត្តិជាដើម ក្នុងមនុស្សលោកទៀត ក្នុងកាលដែលព្រះសម្មាសម្ពុទ្ធនៃយើងកើតឡើងហើយ កុលបុត្តនោះ បានកើតក្នុងត្រកូលគហបតី បានស្តាប់ព្រះធម៌របស់ព្រះសាស្តាហើយ កើតនូវសទ្ធា លះនូវផ្ទះចេញបួស ហើយបានសម្រេចអរហត្ត ព្រះថេរៈរពឫកដល់កុសលកម្មដែលខ្លួនធ្វើក្នុងកាល មុន ដោយបុព្វេនិវាសញ្ញាណ កើតនូវសោមនស្ស កាលប្រកាសអបទាន ទើបពោលពាក្យថា ចន្ទំវ វិមលំ សុទ្ធំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ចន្ទំវ វិមលំ សុទ្ធំ ភ្ជាប់សេចក្តីថា នូវ ព្រះសម្មាសម្ពុទ្ធព្រះនាមសិខី ដែលឈ្មោះថា វិមល ព្រោះលះមន្ទិល គឺ ឧបក្កិលេស ១៥០០ ចេញបាន ដូចព្រះចន្ទផុតហើយចាកមន្ទិលអំពីឧបក្កិលេសទាំងនេះ គឺពពក សន្សើម ផ្សែង ធូលី និងរាហូ ។