អដ្ឋកថាវីថិសម្មជ្ជកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 620

អបទានរបស់ព្រះវីថិសម្មជ្ជកត្ថេរ មានពាក្យផ្តើមថា ឧទេន្តំ សតរំសឹវ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយជាច្រើនរយជាតិ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាម សិខី កើតក្នុងផ្ទះមានត្រកូល នៅគ្រប់គ្រងផ្ទះ បានរួមជាមួយអ្នកនគរ នាំគ្នា បោសផ្លូវ បានឃើញព្រះមានព្រះភាគយាងមក មានចិត្តជ្រះថ្លា ពង្រាបផ្លូវ ឲ្យស្មើហើយ លើកទង់ឡើងក្នុងទីនោះ ។ ដោយបុណ្យនោះឯង កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ បានសោយសម្បត្តិក្នុងលោកទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើត ក្នុងត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ បានស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា មាននូវសទ្ធា មានចិត្តគោរពច្រើន ទើបបព្វជ្ជា ឧបសម្បទា មិនយូរប៉ុន្មាន ក៏បានជាព្រះអរហន្ត ។ កាលរពឫកដល់បុព្វកម្ម របស់ខ្លួន ក៏បានជ្រាបដោយជាក់ច្បាស់ កាលប្រកាសអបទានដែលប្រព្រឹត្ត មកក្នុងកាលមុន ទើបពោលពាក្យថា ឧទេន្តំ សតរំសឹវ ដូច្នេះជាដើម ។ ក្នុងបទនោះ មានសេចក្តីថា ព្រះអាទិត្យមានរស្មីមួយរយ កំពុងផុស ឡើង គឺកំពុងរះឡើង ពាក្យថា សតរំសី នេះ ត្រឹមតែជាមាតិកាទេសនា ឯសេចក្តី គឺដូចព្រះអាទិត្យមានពន្លឺច្រើនសែន ។ បទថា បីតរំសឹវ ភាណុមំ សេចក្តីថា បានឃើញព្រះសម្មាសម្ពុទ្ធទ្រង់ល្អដូចព្រះចន្ទ មានរស្មីភ្លឺស្វាង មានរស្មីពណ៌លឿង ចែងចាំងជាក្រុមៗ ។ ពាក្យដ៏សេស មានអត្ថដឹងបាន ងាយហើយ ។