កក្ការុបូជកត្ថេរាបទានទី ៤
ក្បាលទី 60 · ទំព័រ 622
ខ្ញុំជាទេវបុត្ត បានបូជាចំពោះព្រះពុទ្ធ ជានាយក ព្រះនាម សិខី ខ្ញុំកាន់យកផ្កាល្ពៅ បង្អោនថ្វាយព្រះពុទ្ធ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ ក្នុងកប្បទី ៩ អំពីកប្បនេះ ខ្ញុំ បានជាស្តេចចក្រពត្តិ ៧ ជាតិ ទ្រង់មានកម្លាំងច្រើន ទ្រង់ឧត្តម បរិបូណ៌ដោយកែវ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះកក្ការុបូជកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។